អគ្គលេខាធិការអាស៊ាន សង្ឃឹមថា រយៈពេល ១០ឆ្នាំទៀត ទីក្រុងរបស់កម្ពុជា នឹងរីកដុះដាលដូចទីក្រុង នៅតំបន់អាស៊ាន
ភ្នំពេញ ៖ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានសង្ឃឹមថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាលដូចបណ្តាទីក្រុងផ្សេងទៀត នៅបណ្តាតំបន់អាស៊ាន។
ក្នុងជំនួបសម្ដែងគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក Lim Jock Hoi បានកោតសរសើរចំពោះក្រសួងសាធារណការ ដែលសម្រេចបានជោគជ័យសំខាន់ៗ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមការចង្អុលបង្ហាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក បញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថាក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាលដូចបណ្តាទីក្រុងផ្សេងទៀតនៅបណ្តាតំបន់អាស៊ាន»។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីអាទិភាពនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃវិស័យអាទិភាពទាំង៤ រួមមាន ៖ ទឹក អគ្គិសនី ផ្លូវ និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
លោក បានបន្ដថា ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ កម្ពុជាសម្រេចសមិទ្ធផលដ៏ធំធេងៗ ដូចជា ៖ ដំណាក់កាលទី១ កម្ពុជាចាប់ផ្តើមកសាងបណ្ដាញផ្លូវថ្នល់ដោយចាក់កៅស៊ូពីរស្រទាប់ស្តើង (DBST) ដើម្បីតភ្ជាប់ទៅគ្រប់ច្រកល្ហកពី រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ហើយបច្ចុប្បន្នបានឈាន ដល់ដំណាក់កាលទី២ ដែលជាដំណាក់កាលត្រូវលើកកម្ពស់គុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើងទៅជាផ្លូវបេតុងកៅស៊ូ (AC) និងពង្រីកផ្លូវពី ២គន្លង ទៅ ៤គន្លង សម្រាប់ផ្លូវជាតិសំខាន់ៗ ដើម្បីឲ្យសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្ត។
លោក បានបញ្ជាក់ថា ត្រៀមអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS-CBTA), ការអនុវត្តការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ, ការផ្ទេរកម្មសិទ្ធិយានយន្ត, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវដើម្បីរាយការណ៍អំពីផ្លូវខូច និងជង្ហុកសំបុកមាន់ គម្រោងដាក់ឱ្យដំណើរការកម្មវិធី(App) ដកពិន្ទុបណ្ណបើកបរ និងការពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ