ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួន។

យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប មានលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាប្រធាន ហើយក៏មានអនុប្រធាន និងសមាជិក មួយចំនួនទៀត ផងដែរ។

សម្ដេចតេជោ បន្ដថា គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប មានភារកិច្ច ដូចជា ៖ រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ, អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់ ជាដើម។

សម្ដេចតេជោ បញ្ជាក់ថា «គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ