ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរៀបចំសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ។

ទន្ទឹនឹងនេះ ក៏នឹងមានពីធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល ៣ថ្ងៃ។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាដល់ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ