ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា ៤,៨ភាគរយ ខណៈកម្ពុជា អនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រដោយភាពប្រុងប្រយ័ត្ន។

តាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក»។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាល បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិនឲ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាបានរៀបចំការសម្រួល ពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះ នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឲ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ