ត្បូងឃ្មុំ  ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា វប្បធម៌ចែករំលែកធ្វើឲ្យកម្ពុជាអាចជម្នះនូវរាល់ឧបសគ្គនានា ពិសេសជំងឺកូវីដ-១៩ ហើយទទួលបានការកោតសរសើរគ្រប់ទិសទី។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាស  សម្តេច  ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្តគគីរច្រាប ស្ថិតនៅភូមិគគីរច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្តេច  បានបញ្ជាក់ថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងខណៈពេលដែលកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច វប្បធម៌នៃការចែករំលែកបានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃនៃវប្បធម៌ចែករំលែក និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយដែលជួបការលំបាក។

សម្តេច  ហេង សំរិន បានបន្តទៀតថា វប្បធម៌នៃការចែករំលែកមានតម្លៃធំធេងនៅគ្រប់កាលទេសៈ ជាពិសេសនៅក្នុងគ្រាមានភ័យន្តរាយ ឬអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការការពារ និងជួយជនរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវមនុស្សជាតិនៃជំងឺរាតត្បាតកូវីដ-១៩ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែកក្នុងចំណោមពលរដ្ឋខ្មែរ ដែលត្រូវបានគេគោរព និងកោតសរសើរក្រៃលែង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ