ក្រសួងសាធារណការ ណែនាំម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញ លើសកំណត់ និងមិនដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញ លើសកំណត់ដោយច្បាប់ ហើយមិនត្រូវដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាង។
ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ « យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍» ថ្មីៗនេះ លោកស្រី មឹន មាណវី បានអំពាវនាវឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព បានត្រឹមត្រូវគ្រប់ពេលវេលាក្នុងពេលធ្វើដំណើរតាមដងផ្លូវ ទោះបី ធ្វើដំណើរជិត ឬឆ្ងាយក្តី។
លោកស្រី ថ្លែងបញ្ជាក់ថា «មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត កុំបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ត្រូវពិនិត្យស្ថានភាពបច្ចេកទេសយានយន្ត ឲ្យបានទៀងទាត់ ហាមផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់សម្រាប់រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុក អ្នកដំណើរ ឬកម្មករនៅលើដំបូល ហើយសូមកុំដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ»។
លោកស្រី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់យោគ យល់ចំពោះការប្រកាន់យកវិធានការច្បាប់ ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរួមគ្នាលើក កម្ពស់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិផងដែរ។
លើសពីនេះ លោកស្រី រដ្ឋលេខាធិការ បានសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចូលរួមគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា អនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ