ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តនៅថ្ងៃទី៧ ខែមេសា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។ 

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានជិត ១០ ឆ្នាំចុងក្រោយនេះ ជាមួយការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំងជាដើម។

 លោក បានបន្ថែមថា បញ្ហាអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីជាដើម។ 

លោក នេត្រ ភក្ត្រា បានថ្លែងថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។ 

ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ