ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋ និងពលរកខ្មែរជាង ១៤ម៉ឺន វិលត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងមានការបិទខ្ទប់ពំ្រដែន កាលឆ្នាំ២០២១
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ប្រជាពលរដ្ឋ និងពលករទេសន្ដរប្រវេសន៍ខ្មែរចំនួន ១៤០.៦៦៤នាក់ ក្នុងនោះស្រ្ដី ៦២.២៩៤នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលបិទខ្ទប់ពំ្រដែន កាលពីឆ្នាំ២០២១។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ ដោយគំហុកជាង ១៣ម៉ឺននាក់ ក្នុងឆ្នាំ២០២០ និង១៤០,៦៦៤នាក់ ស្ត្រី៦២.១៨៤នាក់ ក្នុងឆ្នាំ២០២១ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែន ប្រទេសជិតខាង»។
លោកស្រី បន្ដថា ឆ្នាំ២០២១ បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិ ដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ដើម្បីទប់ស្កាត់រាតត្បាត រួមមាន ៖ ការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋក្រីក្រ កម្មករកម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារ ដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយកូវីដ-១៩ ជាដើម។
លើសពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះ បានបញ្ជូនទៅតុលាការ ចំនួន៤០០នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបានចំនួន១,៣៩០នាក់។
ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន១២៤ករណី (៨៦ករណីជាករណីរួមភេទជាមួយអនីតិជន) ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន១៣៨នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបាន ចំនួន១៨៧នាក់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ