តាកែវ៖ ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួង​បានរក​ឃើ​ញ​​ថាផ្នែកខ្លះនៃផ្លូវផ្លូវជាតិលេខ២ និង២២ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបា​នត្រឹ​មត្រូវតា​មសៀវភៅកិច្ច​សន្យា​ ទើបក្រសួងអាចទទួលយកបាន។

 នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បាន​អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាង​សង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ 

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា​តើ​ក្រុម​ហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសា​សន៍​បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង។

 

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ច​សន្យា​កំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់​ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវនេះ​ជាប់​បានយូរ។

ក្រោយធ្វើតេស្តរកឃើញភាពមិនប្រក្រតីលោករដ្ឋមន្ត្រី បានពន្យារពេលពេលវេលាឱ្យ​ក្រុមហ៊ុន​សា​ងសង់​រហូ​តដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងា​របច្ចេ​កទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់​ឱ្យ​ដឹងថាផ្លូវនេះគ្មានគុណភាពតាមអ្វីដែលក្រសួងចង់បាន។ ក្នុងនោះរដ្ឋមន្ត្រី ក៏បានស្នើឱ្យ​បងប្អូនប្រ​ជា​ពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយ ពេលយូ​រចំពោះ​ការសាងសង់ផ្លូវនេះផងដែរ។

 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍ​នភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹ​មថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ