រដ្ឋមន្ដ្រីក្រសួងកសិកម្ម បញ្ជាឲ្យទប់ស្កាត់ការឈូសឆាយ ដីព្រៃលិចទឹក ចៀសវាងទុកបទល្មើសទាំងនោះ រីករាលដាលកាន់តែធំ
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ ដីព្រៃលិចទឹក ត្រូវបង្ក្រាបជាបន្ទាន់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកបទល្មើសទាំងនោះ រីករាលដាលកាន់តែធំ ពិបាកដោះស្រាយ។
រដ្ឋមន្ដ្រីកសិកម្ម ចេញបញ្ជាបែបនេះ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល ឲ្យបានល្អប្រសើរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ លោក វេង សាខុន បានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានា ក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវ។
លោក បានបញ្ជាក់ថា «ត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ និងដីព្រៃលិចទឹក ដោយចាត់វិធានាការគ្រប់គ្រង ត្រួតពិនិត្យនូវការធ្វើសន្និធិ ការធ្វើចរាចរ និងការកែច្នៃផល អនុផលព្រៃឈើគ្រប់ប្រភេទ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ផងដែរ»។
លោក បានបន្ដថា «ក្នុងករណីប្រទះឃើញបទល្មើសជាក់ស្ដែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកឲ្យបទល្មើសទាំងនោះរីករាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិនបើបទល្មើសមានទ្រង់ទ្រាយធំមានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ជាបន្ទាន់មកក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ដើម្បីមានវិធានការ និងរួមគ្នាដោះស្រាយតាមនីតិវិធីជាធរមាន»។
លើសពីនេះ លោករដ្ឋមន្ដ្រី បានលើកឡើងទៀត ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ក្រសួង-ស្ថាប័ន ថ្នាក់ជាតិនឹងចាក់ថ្នាក់ដឹកនាំ រួមជាមួយអង្គភាពជំនាញចុះសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ