សម្ដេចតេជោ ហ៊ុន សែន ៖ កូវីដ-១៩ មិនរំខានដល់ការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខណៈសមិទ្ធផលនេះ កើតពីកូនខ្មែរ
ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ជំងឺកូវីដ-១៩ មិនអាចរំខានដល់ការសាងសង់ផ្លូវ ៣៨ខ្សែឡើយ ហើយសមិទ្ធផលនេះ កើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ ផងដែរ។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ស្របពេលកូវីដ-១៩ កំពុងផ្ទុះឡើងនៅកម្ពុជា បានបើកការដ្ឋានផ្លូវ ៣៨ខ្សែ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
សម្ដេច មានប្រសាសន៍ថា «ប៉ុន្ដែកូវីដ អាចរាលរាង និងអាចរំខានយើង ក៏ប៉ុន្ដែគេមិនអាចបញ្ឈប់នូវសកម្មភាពរបស់យើង ទៅលើការសាងសង់នូវអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ»។
សម្ដេចតេជោ បានបន្ដថា ផ្លូវ ៣៨ខ្សែ កសាងដោយកូនខ្មែរពិតប្រាកដ រួមទាំងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនេះហៅថា កម្ពុជា ចញ្ចឹមកម្ពុជា។
សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលក្រាលដោយបេតុងកៅស៊ូACដែលមាន ប្រវែងសរុប១០៨គីឡូម៉ែត្រ៧៤ , បាន បើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នោះត្រូវបានចំណាយថវិកា ជិត ១៥០លានដុល្លារអាមេរិកជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះទៀត ខ្សែផ្លូវ ៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើង ដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ