សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំក្រោយនេះ សម្តេចគ្រោងយាងព្រះមហាក្សត្រកម្ពុជា ជិះយន្តហោះចុះចតឱ្យបានមុនគេ នៅព្រលានយន្តហោះសៀមរាបថ្មីនេះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅ ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «ឆ្នាំក្រោយធ្វើហើយខ្ញុំនឹងហោះហើរចុះចតនៅទីនេះ ហើយប្រហែលពេលនោះ យាងព្រះមហាក្សត្រ អាចចុះចតបានមុន សម្រាប់ព្រលានយន្តហោះថ្មីនេះ ហើយវិនិយោគនៅទីនេះគ្រាន់តែលើផ្លូវជាង ១១០ លានដុល្លារ គ្រាន់តែធ្វើផ្លូវ បើមិនអញ្ចឹងទេ បញ្ហានៅលើផ្លូវ អញ្ចឹងត្រូវមានហាយវេទៅផ្លូវជាតិលេខ ៦ មានស្មលវេ អញ្ជឹងត្រូវភ្ជាប់ ១៥ គីឡូម៉ែត្រទៀត យកល្អឯកឧត្តម ស៊ុន ចាន់ថុល ស្នើសុំជំនួយឥតសំណង់ទៅមិត្តចិនម្តងទៀត»។

លើសពីនេះ សម្តេចតេជោ ក៏បានសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ តំបន់ថ្មីនេះ នឹងក្លាយជាទីក្រុងរណប និងតំបន់សេដ្ឋកិច្ចពិសេស។

សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរបាន ៧លាននាក់ក្នុងមួយឆ្នាំ និងទំនិញតាមផ្លូវអាកាស ១ម៉ឺនតោនក្នុងឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ នាពេលខាងមុខ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋាន ដែលបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០២១៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ