ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ពិតជារឿងដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ដំរីញីឈ្មោះជីប៉ាល់ដែលត្រូវបានដំរីព្រៃឈ្មោលមួយក្បាលគៀងចូលព្រៃអស់រយៈពេល ២ សប្តាហ៍មុននឹងត្រឡប់មកកាន់ទីតាំងអភិរក្សវិញក្នុងខេត្តមណ្ឌលគិរីបានផ្តល់កំណើតដល់កូនដំរីញីមួយក្បាលកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះប្រកប ដោយភាពភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាដំរីញីជីប៉ាល់មានផ្ទៃពោះឡើយ។

 «ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី មានអាយុ ៣៥ ឆ្នាំ ទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង«ជីពេជ្រ» ដែលជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី។ ដាក់ឈ្មោះជីពេជ្រដោយសារតែកូនដំរីញីមួយក្បាលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ 

កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ព្រៃនៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញាបានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះមានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។ 

កញ្ញាបានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ។ 

 

កញ្ញាបានបន្តទៀតថា មុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។ 

 

សូមបញ្ជាក់ថា នៅកម្ពុជា មានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ