ដំណឹងល្អ ! លោក ស៊ុន ចាន់ ថុល ៖ ពន្ធដារ-គយ កាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូល ១២២%
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនីមកប្រទេសកម្ពុជា៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូល ១២២%។
ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០៥០ កុំឲ្យបញ្ចេញជាតិពុលនៅក្នុងបរិស្ថាន។ ដូច្នេះ ថ្ងៃនេះ ជាជំហានទីមួយ ឆ្ពោះទៅរកការកាត់បន្ថយបញ្ចេញជាតិពុលទៅក្នុងបរិស្ថាន។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋយើងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ពន្ធដារ-គយ ក៏បានកាត់បន្ថយអាត្រាពន្ធនាំចូលរថយន្ដប្រើដោយអគ្គិសនី។ ជាមធ្យមរថយន្ដធម្មតាពន្ធនាំប្រហែលជា ១២២ភាគរយ។ ប៉ុន្ដែរថយន្ដប្រើអគ្គិសនីគឺ ៦៣ភាគរយ ដូច្នេះកាត់បន្ថយ ៥០ភាគរយ»។
លោក បានបន្ដថា នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៣ បានឯកភាពដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅប្រទេសកម្ពុជា ខណៈមានក្រុមហ៊ុនមួយ គ្រោងនឹងដំឡើងស្ថានីយនេះ នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការសាងសង។ លោក ថា មានតែជំរុញការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីទេ អាចជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានបង្ហើបថា អង្គការ UNDP បានផ្ដល់ជំនួយជាស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៤ មកក្រសួង ដែលមួយគ្រឿងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅភ្នំពេញ។ ចំណែក ៣គ្រឿងទៀត នឹងដាក់នៅខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដើម្បីសាងសាង់ស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ