ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានស្ថាបនារួចរាល់ ១០០ភាគរយហើយៗ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុក ទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។បើតាមមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោម ដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាល ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនាកន្លងមកថ្មីៗនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដី ចុះពិនិត្យការដ្ឋាននេះម្តងរួចហើយ និងបានសម្រេចដាក់ឱ្យ បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នកាលពីថ្ងៃទី២០ ខែមីនា។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាម រយៈរដ្ឋ បាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិក ជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាង សង់ប្រមាណ២២លានដុល្លារអាម៉េរិក៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ