ភ្នំពេញ  ៖  លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរៀបចំការប្រកួត កីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេ ឱ្យខ្ពស់ត្រដែត និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់មកដល់ពេលនេះ។

នេះជាប្រសាសន៍របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានលើកឡើងនៅក្នុងឱកាសបិទការប្រកួតកីឡាកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានដំណើរការអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នៅមណ្ឌមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក  អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការប្រទេស និងសង្គម-សេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡា ក៏បានចាប់ផ្តើមដំណើរការឡើងវិញផងដែរ ប៉ុន្តែ ជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធំចំពោះពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ។ ទោះស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ ក៏សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានពុះពារការលំបាក និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិយ៉ាងសកម្ម ជាមួយគ្រូបង្វឹកបរទេសចំនួនពីររូបគឺ លោកគ្រូអ៊ីរ៉ង់ Hassan ដែលបច្ចុប្បន្នកំពុងធ្វើវិស្សមកាលនៅអ៊ីរ៉ង់ និង លោកគ្រូជប៉ុន Toyama ផ្នែកកាតា ដែលមានវត្តមាននៅទីនេះ ដោយលោកគ្រូបង្វឹកទាំងពីរ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងបានធ្វើឱ្យគុណភាពនៃកីឡាការ៉ាតរបស់ក្រុមជម្រើសជាតិ មានការរីកចម្រើនមួយកម្រិតធំ»។

ជាក់ស្តែង ការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេអាស៊ី នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន កាលពីខែមុន, កីឡាករ និងកីឡាការិនីរបស់កម្ពុជាយើង បានធ្វើឱ្យការ៉ាតេអាស៊ី និងការ៉ាតេពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង សម្រាប់កីឡាការិនី លឹម សុខវិច្ឆិកា និងកីឡាការិនី ឆន ស្រីភា បានឈ្នះមេដាយសំរឹទ្ធនៃការប្រកួត AKF Championship 2021។

លោក គូសបញ្ចាក់ទៀតថា «ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ខ្ញុំសូមស្នើសុំថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និងបង្កើនភាពស្និទ្ធស្នាល ក្នុងការជំរុញប្រភេទកីឡាការ៉ាតេកម្ពុជា ឲ្យកាន់តែខ្លាំងក្លា ប្រកបដោយឆន្ទៈមុះមុតបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជោគជ័យពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ