ភ្នំពេញ ៖ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា បានលើកសរសេរពីកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា កម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយសម្តេចតេជោ នៅព្រឹកថ្ងៃ២២ មីនា ។

លោកទូតថ្មីប្រាប់សម្តេចបន្តថា ប៉ាគីស្ថានចាត់ទុកកម្ពុជាជាដៃគូសំខាន់ ។ ក្នុងន័យនេះ លោកថា បេសកកម្មការទូតមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម និងបានលើកទឹកចិត្តឲ្យលោកពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ