ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំឭកឱ្យអាជ្ញាធរតាមព្រំដែនទាំងអស់ ហាមពលរដ្ឋខ្មែរ កុំឱ្យជួលដីស្រែឱ្យវៀតណាម។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ពលរដ្ឋខ្មែរនៅតាមព្រំដែនខ្លះ ខ្ជិលធ្វើស្រែចម្ការ ហើយយកដីទៅជួលឱ្យវៀតណាម ដើម្បីទទួលបានកម្រៃទៅវិញ ។ សម្ដេច បានបញ្ជាក់ថា ការធ្វើបែបនេះ វានឹងអាចបង្កជាបញ្ហាទំនាស់ដីធ្លីតាមព្រំដែន។

 ដើម្បីកុំឱ្យមានបញ្ហាទំនាស់ព្រំដែនកើតឡើង សម្ដេច  បានប្រាប់ឱ្យអាជ្ញាធរតាមព្រំដែនទាំងអស់ ត្រួតពិនិត្យមើលលើករណីនេះ ដោយទប់ស្កាត់ និងហាមពលរដ្ឋឱ្យបញ្ឈប់សកម្មភាពជួលដីឱ្យវៀតណាម។ 

សម្ដេច បញ្ជាក់ថា «ជួល (ដី) យូរៗទៅ គាត់ (វៀតណាម) ថា គាត់មកនៅហ្នឹងយូរហើយ អាហ្នឹងជាបញ្ហា»។

 បើតាម សម្ដេចក្រឡាហោ ស ខេង បានលើកឡើងថា មន្ត្រីជំនាញកម្ពុជា និងវៀតណាម គឺតែងតែជួបគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាការងារលើការពង្រឹងវិធានការទប់ស្កាត់ និងសម្របសម្រួលដោះស្រាយបញ្ហាវិវាទព្រំដែន រួមទាំងបទល្មើសឆ្លងដែន ការជួញដូរ និងបទឧក្រិដ្ឋនានាជាដើម៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ