ភ្នំពេញ ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានថ្លែងថា  គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។

ក្នុងពិធីបើក ប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានបញ្ជាក់ថា ជាទូទៅ វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេចាត់ទុកថា គឺជាយុទ្ធសាស្ដ្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជារួមមានការកត់សម្គាល់ថា គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈណាមួយដែលមានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ក៏ប៉ុន្តែ បើពិចារណាទៅលើមធ្យោបាយក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

សម្ដេច បន្ដថា និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋ អាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និងត្រឹមត្រូវជាងរដ្ឋបាល ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ក៏អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយប្រឈមនានា និងអាចធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាពជាក់ស្ដែង ដែលមានលក្ខណៈខុសគ្នាៗ នៃមូលដ្ឋាននីមួយៗ។

ជាងនេះទៅទៀត សម្ដេច ស ខេង បានបញ្ជាក់ទៀតថា ដូច្នេះ មកទល់បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស មានទម្រង់ជាវិមជ្ឈការផង និងវិសហមជ្ឈការផង ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិមជ្ឈការច្រើន និងវិសហមជ្ឈការតិចតួច រដ្ឋបាលក្រុង ស្រុកបាន និងកំពុងទទួលនូវមុខងារ និងធនធានតាមបែបវិមជ្ឈការជាបណ្តើរៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ