គយ ចាប់បានថ្នាំញៀនជាង ២០គីឡូក្រាម ក្នុងពេលចុះត្រួតពិនិត្យរថយន្តអត់ពន្ធ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង
ភ្នំពេញ៖ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ រកឃេីញគ្រឿងញៀនជាង ២០គីឡូក្រាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំរបស់លោក អគ្គនាយករង កេីត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធដែលមានស្រាប់នៅក្នុងស្រុក ។
នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ ១រូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។
ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប 20,752.4ក្រាម ក្នុងនោះ ប្រភេទ MDMA 15,742ក្រាម, ប្រភេទកេតាមីន 4,996ក្រាម, និងមេតំហ្វេតាមីន 14.4ក្រាម។
បច្ចុប្បន្ន មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ