ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមគោលការណ៍ច្បាប់ ដែលបានកំណត់ក្នុងតម្លៃសម្រាប់ការចែកចាយ។

ការជំរុញនេះធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះទៅនឹងវិបត្តិប្រេង ឧស្ម័ន ហ្គាស ដែលបណ្ដាលមកពីការអូសបន្លាយសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤  កុម្ភៈ មកលម្លេះ។

យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តថាលក់ជាធម្មតាដែលភាគច្រើន មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវក្រៅពីទីរួមខេត្ត ឬទីរួមស្រុក បានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃប្រេងឥន្ធនៈមុនការកំណត់។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមស្នើអភិបាលនៃគណៈអភិបាលរាជធានីខេត្ត មេត្តាចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ ឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្ដល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរាជធានី-ខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធដូច មានចែងក្នុងប្រការ៥ ប្រការ៦ និងប្រការ៧នៃប្រកាសអន្តរក្រសួងលេខ ១៧២ ពណ.អឯ.ប្រក ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈណាលក់លើសតម្លៃដែលក្រសួងបានកំណត់ និងស្ថានីយណា ដែលផ្អាកការលក់បណ្តោះអាសន្ន ដើម្បីទុកប្រេងលក់ដំឡើងថ្លៃនាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ