ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុលដែលយើងមាន ជាពិសេសវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ។

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ។ 

នៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រ និងព្រះរាជទាយាទ ជូនចំពោះសម្ដេចតេជោ ។

 

ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនៈកិច្ចរបស់ព្រះអង្គម្ចាស់ មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស គឺប្រទេសយើងទាំងពីរមានសក្តានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ  វប្បធម៌  កសិកម្ម។ល។ ក្នុងន័យនេះព្រះអង្គម្ចាស់ សូមគោរពសុំការគាំទ្រ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុលដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបាន ជោគជ័យនាពេលខាងមុខ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ