ភ្នំពេញ ៖ សហភាពសហជីពកម្ពុជា បានស្នើរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈ ត្រឹមតម្លៃមួយសមរម្យ។

សហភាពសហជីពកម្ពុជា ស្នើរាជរដ្ឋាភិបាលកម្ពុជា បែបនេះបន្ទាប់ពី រយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើនមានការប្រឈម និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។

យោងតាមសេចក្តីថ្លែងការណ៍របស់ សហភាពសហជីពកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានសង្កេតឃើញថា ចំពោះប្រេងឥន្ធនៈមានតម្លៃហក់ឡើងខ្ពស់ នាំឲ្យទំនិញគ្រប់មុខនៅលើទីផ្សារក៏មានតម្លៃហក់ឡើងខ្ពស់ដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើនទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ហើយអ្នកមានប្រាក់ចំណូលទាប និងមធ្យមប្រឈមយ៉ាងធ្ងន់ធ្ងរអំពីជីវភាពរស់នៅ ករណីដូចជាមន្ត្រីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបររយ និងកសិករ។

សហភាពសហជីពកម្ពុជា បានបន្ដថា ចំពោះបញ្ហាប្រេងឥន្ធនៈមានតម្លៃខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា គួរមានវិធានការទប់ស្កាត់ តាមរយៈការកាត់បន្ថយពន្ធ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈឲ្យមកត្រឹមតម្លៃមួយសមរម្យសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

សហភាពសហជីពកម្ពុជា បានបញ្ជាក់ថា «សូមឲ្យរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈត្រឹមតម្លៃមួយសមរម្យ ក្នុងការសម្រួល ដល់ការប្រើប្រាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ»។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រួយបារម្ភចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ដោយសារកើនឡើងនៃតម្លៃប្រេង នៅលើពិភពលោក រុញច្រានឲ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុង។

សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ចំពោះការកើនឡើងនៃតម្លៃប្រេងសាំង ហើយការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗនៅលើពិភពលោកសុទ្ធតែរងផលប៉ះពាល់នេះដូចគ្នា ផងដែរ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ -៣១ ខែមីនា ឆ្នាំ២០២២ ប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត តម្លៃ៥៣០០រៀល ក្នុងមួយលីត្រ ដូចគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ