ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវ និងជំរុញឲ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ចំពោះបញ្ហាក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឈានទៅរកដំណោះស្រាយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»

សម្ដេច ក៏នៅតែបន្តលើកទឹកចិត្ត និងជំរុញឲ្យមានការចរចា ដើម្បីឈានទៅបញ្ចប់បញ្ហានេះឲ្យបានឆាប់ដែរ។

នាឱកាសនោះដែរ សម្ដេច ស ខេង បានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ ដែលនេះជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិផងដែរ។

សម្ដេច បន្ដថា មានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនេះ ហើយ សម្ដេច តែងមានប្រសាសន៍ជារឿយៗ និងចេញសេចក្ដីណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាពរបស់គណបក្សនយោបាយទាំងនោះដោយ សម្ដេច ក៏ស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការងារនេះដែរ។ ដោយឡែកគណបក្ស ដែលបានលុបចេញពីបញ្ជីគណបក្សនយោបាយ សម្ដេច ស ខេង បានឲ្យដឹងថា ច្បាប់បានបើកសិទ្ធិឲ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះ ហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃ បានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការ ដើម្បីចាត់វិធានការបន្តតាមច្បាប់។ 

នាឱកាសនោះដែរ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្ដេច ស ខេង សម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញទៅមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ