ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានជឿជាក់ថា  តាមរយៈបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ ជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត។

ក្នុងពិធីសំណេះសំណាល់ជាមួយ នាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេច ទៀ បាញ់ បានថ្លែងថា ជាក់ស្តែង នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២ ទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូរីដ-១៩ នៅបន្តមានក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាង កងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នៅតែមានភាពរីកចំរើនគួរឲ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក រវាងកងទ័ពជើងគោក ជាមួយកងស្វ័យការពារជើងគោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការបណ្ដុះបណ្ដាលលើកកម្ពស់ធនធានមនុស្ស ពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។

សម្ដេច បញ្ជាក់ថា «ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល»។

សម្ដេច បន្ដថា ជាមួយគ្នានេះ កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត។

នាឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានជំនឿថា  ការចូលចតនៃនាវាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរ ដែលនឹងរួមចំណែកសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

លើសពីនេះទៀត លោកទូត ក៏មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយមានមោទនភាព ដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។

សូមរំលឹកថា ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៩លើល ដែលមាននាវាសរុបចំនួន ២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្ដរាយ និងប្រឆាំងភេរវកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ