ស្ទឹងត្រែង ៖ ថ្លែងពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តស្ទឹងត្រែង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ នៅស្រុកជីក្រែង ខេត្តសៀមរាប។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ជំងឺផ្ដាសាយបក្សីប្រភេទនេះកម្រនឹងឆ្លងណាស់ ប៉ុន្ដែបើទោះបីកម្រពិតមែនក្ដី ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកស្រី បានបន្ដទៀតថា ជំងឺផ្ដាសាយបក្សីនេះ គឺមានអាការៈមិនខុសពីជំងឺកូវីដ១៩នោះទេ មានន័យថា អាការៈនៅពេលឆ្លងដូចគ្នាស្ទើរទាំងអស់ជាមួយជំងឹកូវីដ១៩។

ដើម្បីទប់ស្កាត់ និងបង្ការនូវការឆ្លងជំងឺផ្ដាសាយបក្សីនេះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ ហើយកុំចូលទៅកសិដ្ឋានចិញ្ចឹមសត្វបក្សីជាដើម។ ដោយឡែក សម្រាប់អាជីវករលក់ដូរ ឬចិញ្ចឹមសត្វបក្សី ត្រូវតែប្រើប្រាស់មធ្យោបាយការពារខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់ និងស្រោមដៃ នៅពេលប៉ះពាល់ ហើយត្រូវតែលាងដៃជាមួយសាប៊ូក្រោយប៉ះពាល់សត្វបក្សី។

សូមរំលឹកថា ទារិកាអាយុ ១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យនៅខេត្តសៀមរាប រកឃើញថាមានជំងឺផ្ដាសាយបក្សី បន្ទាប់ពីមានរោគសញ្ញាសង្ស័យមួយចំនួន។ បច្ចុប្បន្ននេះ កុមាររូបនេះបានជាសះស្បើយពីជំងឺហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ