សម្ដេចក្រឡាហោម ស ខេង ៖ លក្ខណៈសម្បត្តិសម្រាប់ពិនិត្យ ក្នុងការស្នើសុំតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ត្រូវមានមនសិការស្នេហារជាតិ ស្មោះត្រង់ និងមានភក្តិភាពចំពោះជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ត្រូវមានមនសិការស្នេហារជាតិ ស្មោះត្រង់ និងមានភក្តិភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «លក្ខណៈសម្បត្តិសម្រាប់ពិនិត្យ ក្នុងការស្នើសុំតែងតាំងមុខតំណែង ដូចជា ៖ មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ»។
សម្ដេចក្រឡាហោម បានបន្ដថា មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ, មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ, មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះកៀរគរកម្លាំងសាធារណៈចូលរួមសហការបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ។
សម្ដេចក្រឡាហោម បានបន្ថែមថា ជាសេវាបម្រើ ជាអ្នកការពាដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ, មានសមត្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ្រ គោរពស្រឡាញ់ជឿជាក់ទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ, មានសុខភាពល្អ និងកាយសម្បទាមាំមួន, បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាតិយ៉ាងតិចពីរខែ។
សូមបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនវុត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគបាលជាតិជាបន្តបន្ទាប់ ឲ្យបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទៅតាមដំណាក់កាលនីមួយៗ ដោយក្នុងនោះក្រសួងមហាផ្ទៃបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ចព្រមទាំងកំណត់នូវលក្ខណៈសម្បត្តិ និងណែនាំនូវនីតិវិធីសម្រាប់ការងារតែងតែងមុខតំណែងមន្ត្រីនគបាលជាតិជាបន្តបន្ទាប់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ