រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងជាង ២ពាន់គ្រួសារ បានប្រគល់ដីតំបន់៣ ជូនរដ្ឋវិញ
បាត់ដំបង ៖ ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារនៅក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញ ដែលមានទំហំជាង ១ម៉ឺន៣ពាន់ហិកតា ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ មីនានេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់បីក្នុងខេត្តបាត់ដំបង ចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន។
កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តឱ្យរដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។
រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធាន ការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា របស់រាជរដ្ឋាភិបាលដែលនៅជាធរមានជាអាទិ៍។
កិច្ចប្រជុំអន្តរក្រសួង បានណែនាំឱ្យរដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ ថែទាំបង្គោល ដែល បានបោះរួចនិងជំរុញការបោះបង្គោលដែលនៅសេសសល់ ថែទាំដើមឈើ និងគ្រាប់ត្នោត ដែលបានដាំ កន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។
សូមបញ្ជាក់ថា តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ ក្នុងខេត្តបាត់ដំបង មានចំនួន ១១២បង្គោល ទំហំសរុបជាង ២០ម៉ឺនហិកតា ស្មើ៣១,៩៦ភាគរយ នៃដែនព្រៃលិចទឹកជុំ វិញបឹងទន្លេសាប៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ