ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមាតា-បិតា អ្នកណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្ដចរិត សីលធម៌ និងសុជីវធម៌របស់កូនៗ ជាពិសេសជួយបង្រៀនបន្ថែមនៅផ្ទះ ផងដែរ។

ក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវត ក្នុងសង្គមឌីជីថល» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន បានថ្លែងថា ដើម្បីជំរុញ និងពនឿនការពង្រីកការអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ក្រសួង ណែនាំគ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់ សម្ភារៈអំណានថ្នាក់ដំបូងតាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។

លោក បន្ដថា លោកគ្រូ-អ្នកគ្រូបង្រៀន ថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ, និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារៈ និងវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង តាមរយៈវីដេអូបង្រៀន ដែលក្រសួងបានផលិតនិងផ្តល់ជូននាពេលកន្លងមកព្រមទាំងអាចទាញយក កញ្ចប់សម្ភារៈអំណាននិងវីដេអូការបង្រៀនពីក្នុងគេហទំព័រនិង App ផ្លូវការនានារបស់ក្រសួង។

 

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «មាតាបិតា អ្នកអាណាព្យាបាលសូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូន នៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ព្រមទាំងជួយបង្រៀន កូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូន បានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូន ជាដើម»។

បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា,ទិញកញ្ចប់សម្ភារៈអំណានឲ្យកូនបានហ្វឹកហាត់ នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ, ថវិកា, ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ