ភ្នំពេញ ៖ ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត ដែលមានទឹកប្រាក់ចំនួន១១៣លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាព ទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់ក្រុមប្រជាជន ដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រ ដល់ការឆ្លើយតបមានប្រសិទ្ធភាព ទៅនឹងវិបត្តិផ្នែកសុខភាពនានា ដែលអាចកើតមាន។

តាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី២ នៃគម្រោង ការលើកកម្ពស់សមធម៌ និងគុណភាពនៃការ ថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់ នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស។

ដំណាក់កាលទី១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២។ កម្ពុជាកំពុងតែរៀបចំបង្កើតឡើង នូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយ ឆ្ពោះទៅសម្រេចគោលដៅ ធ្វើឲ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។

កញ្ចប់ហិរញ្ញប្បទានថ្មីនេះ នឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល (Health Equity Fund) សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវា ថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវា តាមរយៈការលើកកម្ពស់ការយល់ដឹង, កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។

គម្រោងនេះ នឹងជួយដល់កម្មវិធីដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកា សម្រាប់ការផ្តល់សេវា និងផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ។ គម្រោងនេះ មានគោលដៅផងដែរ ឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺ ដែលមិនឆ្លងផ្ទាល់រវាងមនុស្ស នៅទូទាំងប្រទេស។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការពង្រីកសមធម៌ ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាព នៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាព រីកចម្រើន នៅក្នុងការផ្តល់សេវាថែទាំសុខភាព ដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ»។

លោកស្រីបន្ថែមទៀតថា «គម្រោងនេះ នឹងជួយកម្ពុជាឲ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាព សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបានសេវាថែទាំសុខភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ