ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខឲ្យបានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដើម្បីបង្ហាញឲ្យអន្ដរជាតិឃើញពីភាពរីកចម្រើន និងចាស់ទុំខាងនយោបាយរបស់កម្ពុជា។

ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំសមត្ថកិច្ច ត្រូវមានភារកិច្ចការពារគ្រប់គណបក្សនយោបាយ ក្នុងនាមជាមន្ដ្រីមុខងាសាធារណៈ ដោយមិនលំអៀង។ សម្ដេច ថា «នៅពេលដោះស័ក្តិចេញ ទាំងមន្ដ្រីនគរបាល កងរាជអាវុធហត្ថ កងយុទ្ធពលខេមរៈភូមិន្ទ មន្ដ្រីរាជការស៊ីវិល មានសិទ្ធពេញទី ក្នុងការធ្វើការងារនយយោបាយ សម្រាប់ការងារផលប្រយោជន៍ដែលខ្លួនប្រកាន់យក»។

សម្ដេច បញ្ជាក់ថា «យើងត្រូវរៀបចំផែនការលំអិត ដើម្បីបម្រើឲ្យការពារសន្ដិសុខ សម្រាប់ការបោះឆ្នោតជ្រើសររើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានល្អជាដាច់ខាត ដើម្បីបង្ហាញឲ្យអន្ដរជាតិឃើញអំពីភាពរីកចម្រើន ភាពចាស់ទុំ នយោបាយ និងការទទួលខុសត្រូវរបស់កម្ពុជា»។

សម្ដេច ស ខេង បានបន្ដទៀតថា សមត្ថកិច្ចត្រូវការពារកិច្ចដំណើរការនៃលទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ។ សម្ដេច ថា ពិសេស សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សា ក្នុងនាមអាជ្ញាធរសាធារណៈ ព្រមទាំង ត្រូវការពារគ្រប់គណបក្សនយោបាយ មុនពេលបោះឆ្នោត កំពុងបោះឆ្នោត ក្រោយបោះឆ្នោតចប់សព្វគ្រប់។

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ