បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញ និងធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ និងតម្រូវការផ្សេងៗទៀតតាមសំណើររបស់ប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម ស ខេង បានធ្វើការណែនាំនេះ ក្នុងពេលដែលសម្តេចបានអញ្ជើញចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា នៅក្នុងអង្គវេទិកានោះ ត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ាននិយាយនូវអ្វីជាការពិត មិនត្រូវបង្កឱ្យគាត់មានការភ័យខ្លាចនោះឡើយ ហើយការងារធ្វើវេទិកាសាធារណៈនេះត្រូវធ្វើឱ្យបានរួចរាល់យ៉ាងយូរនៅសប្តាហ៍ទី៣នៃខែមេសា ខាងមុខនេះ ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវរក្សាសុវត្ថិភាពបានល្អប្រសើរដល់គ្រប់គណបក្សនយោបាយទាំងមុនពេល ក្នុងពេលនិងក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ។

ពាក់ព័ន្ធនឹងអង្គសន្និបាតនេះដែរ សម្តេចក្រឡាហោម ស ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ