ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស៣៤៩នាក់។

យោតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា «បងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ»។

សម្ដេច បន្ដថា «យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់»។

សម្ដេច រៀបរាប់ថា ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៨៧លើក ស្លាប់ថយ ៥២នាក់ និងរបួសថយចុះ ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។ 

សម្ដេច បានបញ្ជាក់ទៀតថា «ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត»។

លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខខ្លួនឯង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ