ភ្នំពេញ៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមកពីមីយ៉ាន់ម៉ា ឬភូមានោះ លោកបានសម្ដែងការសោកស្ដាយ ដែលមិនបានជួបលោកស្រី ស៊ូស៊ូលីន ភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ដើម្បីចង់ដឹងពីស្ថានភាព នយោបាយរបស់គណបក្ស NLD និងសុខទុក្ខរបស់លោកស្រី អោង សានស៊ូជី ។

សម្រាប់ដំណើរទៅកាន់មីយ៉ាន់ម៉ារយៈពេល២ថ្ងៃ(២១-២២មីនា)របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ានេះ លោកបានជួបក្រុមមន្រ្តីជាច្រើនរូបរបស់ក្រុមលោកនាយឧត្តមសេនីយ៍មីន ឡោងអាំង ប៉ុន្តែជាការសោកស្តាយមិនជួបខាងគណបក្ស NLDនោះទេ ។

ជាពិសេសគឺមិនបានលោកស្រី ស៊ូស៊ូលីន ភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ាដែលលោកស្រី គឺជាមនុស្សម្នាក់មានភាពជិតស្និតជាមួយលោកស្រី អោង សានស៊ូជី។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ លោកក៏បានបង្ហាញលទ្ធផលវិជ្ជមានខ្លះៗផងដែរ ដែលអាចឈានទៅដល់ការសម្របសម្រួលណាមួយពេលអនាគត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមកដល់កម្ពុជាភ្លាម ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មីនានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងសោកស្ដាយ ហេតុផលអាក្រក់ដែលយើងមិនបានជួប ជាមួយអតីតលោកជំទាវទី១ គឺលោកស្រី ស៊ូស៊ូលីន ដែលជាភរិយាអតីតប្រធានាធិបតីមីយ៉ាន់ ដែលលោកស្រីជាមនុស្សជិតស្និទ ជាមួយលោកស្រី អោង សានស៊ូជី ហើយលោកស្រីក៏ជាឥស្សរជននាំមុខមួយនៃគណបក្ស NLD ដែរ ។ ខ្ញុំគិតថាជំនួបនេះ នឹងមានផលប្រយោជន៍ច្រើនដើម្បីស្ដាប់ថា តើស្ថានភាពនយោបាយបច្ចុប្បន្ន នៅមីយ៉ាន់ម៉ាវាយ៉ាងម៉េច ។ ស្ថានភាពរបស់គណបក្ស NLD យ៉ាងម៉េច ហើយនិងសុខទុក្ខលោកស្រី អោង សានស៊ីជី យ៉ាម៉េចដែរ» ។

ជាមួយគ្នានេះប្រេសិតពិសេសប្រធានអាស៊ាន ក៏បង្ហាញពីចំណុចល្អផងដែរនៅពេលធ្វើដំណើរទៅមីយ៉ាន់ម៉ាលើកក្រោយទៀតថា នឹងអាចដាក់សំណើរជាថ្មីជួបលោកស្រី ស៊ូស៊ូលីន និងជួបជាមួយឥស្សរជន សំខាន់ៗផ្សេងៗទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ