ភ្នំពេញ  ៖  ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននិងកំពុងអនុវត្តគម្រោង  ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក របស់  ក្រសួងបរិស្ថាន  នាថ្ងៃទី១៦  មករា  បានបញ្ជាក់ថា  តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន  បានថ្លែងថា  «ចំពោះការអភិរក្សជីវៈចម្រុះ យើងបានសាងសង់ស្នាក់ការរង ចំនួន១កន្លែងសម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ ១៦ហិកតាដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល។ យើងក៏បានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ២៥ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។ រីឯសកម្មភាពលើកម្ពស់ជីវភាពសហគមន៍វិញ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ»។

លោក  បន្ដថា  ចំណែកឯការអប់រំផ្សព្វផ្សាយ បានបញ្ជូល កម្មវិធីអប់រំបរិស្ថាននិងសត្វក្រៀលជាមួយសាលារៀនគោលដៅ  ចំនួន៣គឺសាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិក្សានុសិស្សអំពីសារៈសំខាន់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ 

លោក  បញ្ជាក់ទៀតថា  ដោយសារកិច្ចខំប្រឹងប្រែងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត ឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។ 

គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ