ភ្នំពេញ៖ លោក  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុង ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹក១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និង ឯកជន បន្តចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល រួមមានវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លង ព្រមទាំងការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជន ពិសេសដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា»។

លោក បានឲ្យដឹងថា ថ្មីៗនេះការងើបឡើងវិញនៃការរីករាលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស ដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ១៩ អូមីក្រុង បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣» មានគោលបំណងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និង រយៈពេលមធ្យម ឲ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈ-ពេលវែង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ