កូនសត្វក្រពើភ្នំជាប្រភេទសត្វដ៏កម្របំផុត ៩ក្បាល និងមេមួយក្បាល ប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ភ្នំពេញ ៖ ប្រភពព័ត៌មានពីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កូនសត្វក្រពើភ្នំ ដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។
ប្រភពដដែល បានបន្តថា នៅក្នុងការបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រក ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មីអំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ។
យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។
អ្នកវិទ្យាសាស្រ្ត ក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។ អ្នកវិទ្យាសាស្រ្តក៏បានរំពឹងដែរថាពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមានក្តីសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ