រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ៤ឆ្នាំមកនេះ កម្ពុជាគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ តែបន្ដធ្វើការរួមគ្នា ឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់
សៀមរាប ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចថា ចាប់តាំង ២០១៨ ដល់ ២០២១ គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ករណីឈឺធ្លាក់ចុះជាបន្ដបន្ទាប់ ដូច្នេះយើងនឹងបន្ដធ្វើការរួមគ្នា អនុវត្តជំហានចុងក្រោយឆ្ពោះទៅ លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ខាងមុខនេះ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមប្រធានបទ «ជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២៣»។
លោករដ្ឋមន្ដ្រី ថ្លែងបន្តថា «យើងជួបជុំគ្នាថ្ងៃនេះ គឺមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យរួមគ្នាពីវឌ្ឍនភាព សមិទ្ធផល និងកត្តាប្រឈមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។
លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាំ ជានិច្ចកាលបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ និងឧបត្ថម្ភគាំទ្រវិស័យសុខាភិបាល សុខុមាលភាពរបស់ប្រជាជន ការអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដើម្បីឈានទៅរកការលុបបំបាត់ជំងឺនេះ នាពេលខាងមុខ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ