ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងច្បាស់ៗថា បើសិនជាលោក ហ៊ុន ម៉ាណែត ធ្វើអំពើអាក្រក់ សម្ដេចនឹងមិនគាំទ្រ ឲ្យធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតនោះទេ ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះសម្ដេច ជានាយករដ្ឋមន្ត្រី នៅមិនយូរប៉ុន្មានទេ ពេលវេលាមកដល់ សម្ដេចនឹងក្លាយទៅជា ឪនាយករដ្ឋមន្ត្រី ហើយសម្ដេច បានដាក់បញ្ញត្តិ សម្រាប់ចៅសម្ដេចថា ២០ឆ្នាំទៀត ត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ពេលនោះសម្ដេច នឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ បញ្ជាក់ថា «រឿងអីកូនគេធ្វើបាន អ្នកដទៃធ្វើបាន ឯកូនខ្ញុំទទួលបានការបណ្ដុះបណ្ដាល ប៉ុណ្ណឹងដែរធ្វើមិនបាន ប៉ុន្តែខ្ញុំសូមបញ្ជាក់ បើសិនជាកូនខ្ញុំវាធ្វើអំពើអាក្រក់ ខ្ញុំមិនអាចនឹងគាំទ្រ វាបានទេ និយាយឲ្យច្បាស់ ។ ខ្ញុំមិនអាចឲ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឲ្យប្រជាពលរដ្ឋ ត្រូវបំផ្លាញដោយស្នាដៃ កូនរបស់ខ្ញុំទេ»។

សម្ដេចតេជោ បន្តថា សម្រាប់កូនអ្នកដទៃ ទោះកូនបក្សប្រឆាំង សម្ដេច មិនដែលស្ដីបន្ទោស ឬបង្អាប់កូនអ្នកណាមួយទេ មានតែលើកសរសើរ ទោះបីគេវាយប្រហារកូនរបស់សម្ដេច យ៉ាងណាក៏ដោយ ។

សម្ដេ ចបន្ថែមថា បើវាយប្រហារមកលើសម្ដេច ក៏វាយប្រហារទៅចុះ តែសូមផ្ដាំទៅវិញថា «វាផុតត្រឹមមនុស្ស ដែលគេនិយាយថា អានេះសូម្បីតែកូនក្មេង ក៏វាមិនលើកលែង ភាសានេះខ្មែរ ទទួលយកអត់បានទេ សូមជម្រាបបើអ្នកឯងវាយខុស ខ្ញុំចង់កែតម្រូវអ្នកឯង ប៉ុន្តែបើអ្នកឯងមិនចង់ទេ ខ្ញុំរុញទូកបណ្ដោយទឹក ឲ្យអ្នកឯងធ្វើទៅ» ។

សម្ដេច ក៏បានចោទជាសំណួរថា បើកូនរបស់សម្ដេចទទួលបាន ការបណ្ដុះបណ្ដាលដល់ថ្នាក់ប៉ុណ្ណឹងហើយ តើយកមកឲ្យធ្វើមេចោរឬ? អ្នកដទៃ កូនអ្នកដទៃផ្សេង សុទ្ធតែមានសិទ្ធិ ចុះហេតុអ្វីកូនរបស់សម្ដេច ម៉េចក៏គ្មានសិទ្ធិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ