ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិ បត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន សរុបចំនួន ២ គ្រឿង គឺ ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញ ពីស្ថានីយ៍បូមទឹកបឹងត្របែក។
សាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា៖ ក្នុងកម្មវិធីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនោះ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងធ្វើការផ្អាកចរាចរជាបណ្តោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)ផងដែរ ពោលគឺរហូតដល់កម្មវិធីនេះត្រូវបានបញ្ចប់ទើបបើកអោយធ្វើចរាចរជាធម្មតាឡើងវិញ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ