កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ២១៩នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន នាក់ ២១៩ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មលេខ៤៣២ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង ២១៩នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកសែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន ។
លោក បានបញ្ជាក់ថា៖ «នៅថ្ងៃនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើង ដែលវីរយុទ្ធជន យុទ្ធនារីយើងបានខិតខំហ្វឹកហាត់អស់រយៈពេលជាយូរទទួលបាននូវក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិត ប្រាកដពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ។ កងនេះក៏ត្រូវបានបន្ថែមកម្លាំងចំនួន ១៥នាក់ ផ្នែកកម្ទេចគ្រឿងផ្ទុះ លើកម្លាំងមុនៗចំនួន២០៤នាក់ ដែលកម្លាំងសរុបកើនឡើង ចំនួន២១៩នាក់»។
បន្ថែមពីលើនេះ កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាពជា ចម្បង ពិសេសអំឡុងពេល អនុវត្ត ភារកិច្ច មិនត្រូវមើល ស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទ ពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែល បាន កើតមានឡើង ដើម្បីសម្រេចបាន ជោគជ័យជូនជាតិ មាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ