រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ណែនាំមន្ដ្រីក្រោមឱវាទ ឲ្យចៀសវាងដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ កុម្ភៈ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា បរិយាកាសធុរកិច្ចនៅកម្ពុជា កំពុងមានភាពល្អប្រសើឡើងពីមួយទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងក៏សាង បទដ្ឋានគតិយុត្តដើម្បីគាំពារ ដែលច្បាប់ទាំងនោះបានចូលជាធរមានរួចហើយ និងខ្លះទៀតកំពុងរៀបចំដាក់ជូនស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែម និងអនុម័ត។
លោក បន្ដថា លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ធ្វើពិពិធកម្មទីផ្សារ ជំរុញការនាំចេញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន ព្រមទាំងកំពុងបន្តស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងតំបន់ ជាហូរហែ។ កត្តាទាំងនេះ ទាមទារឲ្យមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់ក្នុងការបំពេញការងារ ពង្រឹងគុណភាពការងារ និងអភិវឌ្ឍន៍ចំណេះដឹងបន្ថែមជាប្រចាំ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
លោក រដ្ឋមន្ដ្រី បានបញ្ជាក់ថា «មន្រ្តីទាំងអស់ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាង ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោក បន្ថែមថា មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ