ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការនាំចេញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិន កូរ៉េ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាសម្រេចបាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន  កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។

ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ 

លោក បន្ដថា មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ