ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អាស៊ាននៅតែជាគ្រួសារដ៏រឹងមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងការឯកភាពគ្នា។

ក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋមន្រ្ដីការបរទេសអាស៊ាន នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ ដែលមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជាប្រឈមនឹងការវាយលុកពីជំងឺកូវីដ១៩ ក៏ដោយ។

លោកបានថ្លែងសង្កត់ធ្ងន់ថា ស្មារតីនៃមិត្តភាព និងការរួមគ្នារបស់អាស៊ានមានជានិរន្តរ៍ ប៉ុន្តែ អ្វីដែលកម្ពុជាសោកស្ដាយបំផុតនោះ គឺកាលៈទេសៈបច្ចុប្បន្នមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសទាំង១០រូបមកជួបជុំគ្នា ដើម្បីរួមដៃគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលសហគមន៍អាស៊ានកំពុងជួបប្រទះ។

សូមជម្រាបជូនថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្ដីការបរទេសអាស៊ាន ដែលមានគណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ានដែលបានចូលរួមដោយផ្ទាល់ ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺរួមមាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន រដ្ឋមន្រ្ដីការបរទេសនៃប្រទេសម៉ាឡេស៊ី រួមនឹងរដ្ឋមន្រ្ដីការបរទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ ព្រមទាំងអគ្គលេខាធិការអាស៊ាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ