ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរលោក គឹម ហ៊ាង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ថា មានបេះដូងជាអ្វី? តើជាខ្មែរ ឬជាអ្នកណា? បានគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរ។

លោក សុខ ទូច ប្រតិកម្មបែបនេះ ក្រោយពីលោក គឹម ហ៊ាង បានលើកឡើងថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺមកពីយើងមានការកំណត់កម្ពស់ នៃការសាងសង់ ហើយអភិរក្សវប្បធម៌ច្រើនពេក។ លោក បន្ដថា តើសព្វថ្ងៃនេះមានប្រជាជនខ្មែរមួយណាបររទះគោមើលអង្គរវត្ត? 

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក សុខ ទូច បានឆ្លើយតបទៅនឹង លោក គឹម ហ៊ាង ថា «តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា? គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរ ដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ»។ 

លោក ក៏បានណែនាំ លោក គឹម ហ៊ាង ឲ្យអ្នកមើលទៅប្រទេសរុស្ស៊ី នៅសាំងពីជូប៊ូក (saint petersburg) គឺគេកំណត់ការសាងសង់ បើចង់សាងសង់ខ្ពស់ អាចទៅម៉ូស្គូបាន។ អ្នកអាចមើលទីក្រុងវ៉ាស៊ីងតោន មិនអាចសង់កម្ពស់លើសពីសេតវិមាន (White House) បានទេ។ ប្រសិនបើចង់សង់ខ្ពស់ ត្រូវទៅទីក្រុងញូវយ៉ក។ 

លើសពីនេះទៀត លោក សុខ ទូច បានចំអកចំអនឲ្យ លោក គឹម ហ៊ាង ថា តើនៅកម្ពុជាមានមនុស្សបែបនេះប៉ុន្មាននាក់? នៅខ្មែរមិនខ្វះទេកន្លែងសាងសង់ខ្ពស់ ដើរចេញពីខេត្តសៀមរាប គេអាចសាងសង់ប៉ុន្មានពាន់ជាន់នៅខេត្តណាក៏បានដែរ ដោយកម្ពុជាមាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ