ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នេះ ទទួលបានជោគជ័យត្រចេះត្រចង់ ។ 

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខនេះ។

 ក្នុងអំឡុងពេលកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការ លឹម ចុកហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួន ដែលរដ្ឋមន្រ្តីការបរទេសអាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការ អនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខ័ណ្ឌការរៀបចំច្រករបៀង ធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។ 

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានឯកភាពគ្នាថា ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌលដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និង ត្រៀមរៀបចំសម្រាប់វិបត្តិសុខភាពនាពេលអនាគត។

 អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ខណៈដែលមានការទទួលស្គាល់នូវការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្តល់ដោយលេខាធិការដ្ឋានអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជា។ លោកអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ នេះ ទទួលបានជោគជ័យត្រចេះត្រចង់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ