ភ្នំពេញ ៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌកំបូល រាជរដ្ឋាភិបាលភ្នំពេញ បានលើកឡើងថា ស្រ្តីត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ស្រ្តីពុំមែនមានសិទ្ធិតែ១ថ្ងៃនៃទិវាសិទ្ធិនារី៨មីនានោះទេ តាមច្បាប់គឺស្រ្តីមានសិទ្ធិរហូតដល់ទៅ៣៦៥ថ្ងៃគឺក្នុង១ឆ្នាំ។ ស្រ្តីមានសិទ្ធិជ្រើសរើសនូវអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត បំពេញការងាររបស់ខ្លួនទៅតាមការពេញចិត្ត ដូចជា ការសិក្សារៀនសូត្រ ការបំពេញការងារផ្សេងៗ ធ្វើជាម្ដាយ និងជាភរិយាជាដើម ដែលទាំងអស់នេះជាសិទ្ធិរបស់នារីគ្រប់រូប។

លោកស្រី បានថ្លែងទៀតថា សិទ្ធិនារី បានមកពីការតស៊ូមតិរវាងស្រ្តី និងដៃគូនៅក្នុងសង្គមគ្រួសារ ក៏ដូចជាដៃគូនៅក្នុងសង្គមការងារ និងដៃគូសង្គមជាតិ មានន័យថាសិទ្ធិរបស់ស្រ្តីពឹងផ្អែកនៅលើអ្នកទាំងអស់គ្នាផងដែរ។

លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ស្រ្តីក៏ត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ ហើយកុំឱ្យសិទ្ធិរបស់ខ្លួនទៅជាន់សិទ្ធិរបស់អ្នកដទៃឡើយ»។

មួយវិញទៀត សិទ្ធិរបស់ស្ត្រី មនុស្សទូទៅទទួលស្គាល់ ធ្វើម៉េចឱ្យក្រុមគ្រួសាររបស់ខ្លួន សង្គមជាតិរបស់ខ្លួន ទទួលស្គាល់និងមានការការពាតាមប្រព័ន្ធច្បាប់ និងតាមប្រព័ន្ធគោលនយោបាយ។ នេះបើតាមការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ