ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា គឺគណបក្សនយោបាយ មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ព្រោះកើតចេញពីប្រជាជន។ យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។

ក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកដល់អតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់ រហូតធ្វើឲ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ។ សម្ដេច ថា «គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា»។

សម្ដេច បន្ដថា «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា»។

សម្ដេច បានសង្កត់ធ្ងន់ថា ស្នាដៃធំៗទាំងនោះ រួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ