សម្តេចក្រឡាហោម ស ខេង ៖សារធាតុគីមីផ្សំធ្វើជាគ្រឿងញៀនមិនអាចចោលក្នុងទឹក ចោលក្នុងដី ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ និងអាយុជីវិតមនុស្ស
ភ្នំពេញ ៖សម្តេចក្រឡាហោម បានមានប្រសាសន៍ឱ្យដឹងថា មានប្រទេសជាដៃគូមួយចំនួនបាននឹងកំពុងតែរួមកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវអំពីវិធីបន្សាបមុនការបំផ្លាញចោល ព្រោះសារធាតុទាំងនោះ មិនអាចចោលក្នុងទឹក ចោលក្នុងដី ហើយដើម្បីបំផ្លាយចោលបាន លុះតា្រណាបានបន្សាបជាមុនសិន បើមិនដូច្នោះទេ សារធាតុទាំងនោះនឹងហូរទៅតាមដីដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ និងអាយុជីវិតរបស់មនុស្ស។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៍ឱ្យដឹងថាទាក់ទងនឹងបញ្ហាគ្រឿងញៀនជាបញ្ហាដ៏ស្មុគស្មាញដែលប្រទេសកម្ពុជាប្រឈមជាពិសេសក្នុងរាជធានីភ្នំពេញ បើទោះបីជាយើងបានបង្ក្រាប នឹងរឹបអូសហើយបំផ្លាញនូវសារធាតុញៀនទាំងនោះជាច្រើនតោន ព្រមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសរាប់ពាន់នាក់ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែការលួចលាក់ធ្វើសកម្មភាពជួញដូរគ្រឿញៀននៅមិនទាន់បានកាត់បន្ថយនោះទេ។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា មកដល់ពេលនេះ មានសារធាតុគីមីដែលគេអាចយកទៅផ្សំធ្វើជាគ្រឿងញៀនសំយោគបានប្រមាណ៣០០តោនដែលបានឃាត់ និងរក្សាទុកនៅក្នុងឃ្លាំងហើយកំពុងតែស្វែងរកសារធាតុផ្សេងទៀតដើម្បីធ្វើការបន្សាបមុននឹងយកទៅកម្ទេចចោល។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការតាំងចិត្តដ៏មុតមាំ ក្នុងការបន្តបង្ក្រាបបទល្មើសគ្រឿងញៀនដោយសារតែបទល្មើសនេះអាចធ្វើកម្ពុជាជួបវិបត្តិ មិនត្រឹមតែពេលនេះទេ តែអាចបន្តដល់ពេលអនាគត៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ