សម្ដេចក្រឡាហោម ស ខេង ៖ បើដោះស្រាយក្នុងមូលដ្ឋានគ្មានយុត្តិធម៌ ទោះយកអំណោយជូនប្រជាពលរដ្ឋ ក៏ពួកគាត់មិនជឿដែរ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការដោះស្រាយក្នុងមូលដ្ឋាន បើគ្មានយុត្តិធម៌នោះទេ ទោះបីយកអំណោយទៅជូនប្រជាពលរដ្ឋប៉ុន្មានក៏ដោយ ក៏ពួកគាត់មិនជឿដែរ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្ដេចស ខេង បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនូវសំណើរ សំណូមពរ នៅមូលដ្ឋានឲ្យបានល្អ។
សម្ដេច មានប្រសាសន៍ថា «ជាពិសេស ដើម្បីដណ្ដើមជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ការផ្ដល់ជំនួយសង្គ្រោះ ជាសម្ភារ ជាថវិកា ការផ្ដល់ជំនួយមនុស្សធម៌ ជាសម្ភារ ជាថវិកា ជាដើម គឺជាការចាំបាច់។ ប៉ុន្ដែអ្វីដែលជាការចាំបាច់ជាងនោះតាម ខ្ញុំ យល់ គឺការកសាងយុត្តិធម៌នៅមូលដ្ឋាន នេះគឺជាបញ្ហាគន្លឹះ ការដោះស្រាយនៅមូលដ្ឋាន បើគ្មានយុត្តិធម៌ទេ ទោះបីយើងយកអំណោយទៅជូនប្រជាពលរដ្ឋប៉ុន្មាន ក៏គាត់អត់ជឿយើងដែរ»។
សម្ដេច បន្ថែមថា ផ្ទុយទៅវិញបើដោះស្រាយទំនាស់ ឬបញ្ហានៅមូលដ្ឋានប្រកបដោយយុត្តិធម៌ ប្រជាពលរដ្ឋពិតជាសប្បាយរីករាយ។ សម្ដេច បានស្នើដល់មន្ដ្រីរាជការទាំងអស់ បន្ដបម្រើប្រជាពលរដ្ឋមិនប្រកាន់ន្នាការនយោបាយ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង បានសង្កេតឃើញថា នាពេលបច្ចុប្បន្នពិបាករកអ្នកមកធ្វើស្មៀន ឃុំ-សង្កាត់ ដោយមូលហេតុប្រាក់ខែទិច ឬការងារច្រើន។ សម្ដេច ថា នាពេលកន្លងទៅ ធ្លាប់បានសិក្សាថា មានគម្រោងបន្ថែមស្មៀន ឬជំនួយការស្មៀន ឃុំ-សង្កាត់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ